ក្រុមគ្រូពេទ្យនៃកម្មវិធីជាតិថែទាំភ្នែក ចុះពិនិត្យព្យាបាលភ្នែកជូនប្រជាពលរដ្ឋស្រុកក្រូចឆ្មារ ដោយឥតគិតថ្លៃ

ត្បូងឃ្មុំ៖ នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ លោកឱសថការី ផុល ពន្លឺ អនុប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញចុះពិនិត្យសកម្មភាពក្រុមគ្រូពេទ្យ នៃកម្មវិធីជាតិសុខភាពភ្នែករបស់ក្រសួងសុខាភិបាល ពិនិត្យព្យាបាលភ្នែក ភ្នែកកន្ទុយថ្លែន ភ្នែកឡើងបាយ ភ្នែកស្រវាំង និងជំងឺភ្នែកផ្សេងៗដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋក្នុងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ក្នុងនោះមានពិគ្រោះយោបល់សរុប ៧២៦នាក់ ស្រី៥០៥នាក់ និងទទួលបានការវះកាត់ភ្នែកសរុប ៣០៦នាក់ ក្នុងនោះស្រី ២១២នាក់ គិតត្រឹមរយៈពេល ៤ថ្ងៃនៃការពិនិត្យ។

 

ការពិនិត្យភ្នែកជូនដល់ប្រជាពលរដ្ឋដោយឥតគិតថ្លៃនេះធ្វើឡើងនៅមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មាររយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦។

 

បើតាមការឱ្យដឹងពីលោក ឱសថការី ផុល ពន្លឺ បញ្ជាក់ថា ការពិនិត្យ ព្យាបាលភ្នែកដោយឥតគិតថ្លៃនេះ ធ្វើឡើងក្នុងគោលបំណងជួយប្រជាពលរដ្ឋមូលដ្ឋានឱ្យទទួលបានសុខភាពភ្នែកល្អប្រសើរឆ្ពោះទៅចក្ខុវិស័យសុខាភិបាលឆ្នាំ២០៣៥។ ម្យ៉ាងវិញទៀតសុខភាពភ្នែកគឺមានសារៈសំខាន់ណាស់ ព្រោះកាលណាកែវភ្នែកល្អ ប្រជាពលរដ្ឋមានឱកាសបំពេញកិច្ចការងារមុខរបរចិញ្ចឹមជីវិត និងមានជីវភាពល្អប្រសើរ សេដ្ឋកិច្ចគ្រួសារកាន់តែរីកចម្រើន។

 

លោកអនុប្រធានមន្ទីររូបនេះ បន្តធ្វើការអំពាវនាដល់ប្រជាពលរដ្ឋទាំងអស់ សូមមកទទួលសេវាព្យាបាលភ្នែកដោយឥតគិតថ្លៃ នៅមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ជាពិសេសបងប្អូនពលរដ្ឋដែលមានបញ្ហាភ្នែកឡើងបាយ ភ្នែកកន្ទុយថ្លែន ភ្នែកស្រវាំងជាដើម ដើម្បីឱ្យក្រុមគ្រូពេទ្យព្យាបាលវះកាត់ដោយប្រើប្រាស់ជំនាញច្បាស់លាស់ និងឧបករណ៍ទំនើប។

 

គួរបញ្ជាក់ផងដែរថា៖ ក្រុមគ្រូពេទ្យជំនាញនៃកម្មវិធីជាតិសុខភាពភ្នែករបស់ក្រសួងសុខាភិបាល ពុំមែនទើបតែចុះពិនិត្យ និងព្យាបាល ក្នុងឆ្នាំនេះទេ ប៉ុន្តែគឺមានជារៀងរាល់ឆ្នាំ នៅតាមមន្ទីរពេទ្យបង្អែកស្រុក និងមន្ទីរពេទ្យរដ្ឋដែលក្រុមគ្រូពេទ្យនៃកម្មវិធីជាតិសុខភាពភ្នែករបស់ក្រសួងសុខាភិបាល តែងតែពិនិត្យ និងព្យាបាលដល់ពលរដ្ឋ ហើយក្នុងឆ្នាំ២០២៦នេះ គឺធ្វើឡើងក្នុងមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ មានរយៈពេល៥ថ្ងៃគឺចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ ដូចនេះសូមប្រជាពលរដ្ឋទាំងអស់ដែលមានបញ្ហាភ្នែកសូមមកពិនិត្យ និងទទួលសេវាដោយឥតគិតថ្លៃគ្រប់ៗគ្នា៕

រូបភាពដោយ៖ នូ សុផាន់ណា

អត្ថបទដោយ៖ ទ្រី ស៊ីវម៉េង

Leave a Reply

Your email address will not be published. Required fields are marked *