ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង ចុះត្រួតពិនិត្យ និងទទួលយកជាផ្លូវការនូវគម្រោងផ្លូវជិត ១២គីឡូម៉ែត្រ នៅស្រុកមេមត់

ខេត្តត្បូងឃ្មុំ៖ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាសមាជិកគណៈកម្មាធិការលទ្ធកម្ម បានដឹកនាំក្រុមការងារអន្តរក្រសួង ចុះត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាពជាស្ថានពរ លើគម្រោងថែទាំខួបផ្លូវក្រាលល្បាយក្រួស ១ខ្សែ ស្ថិតក្នុងឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

ការចុះត្រួតពិនិត្យជាក់ស្តែងនេះ មានការចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អាន ស៊ីណា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តត្បូងឃ្មុំ ព្រមទាំងមន្ត្រីបច្ចេកទេស និងភាគីពាក់ព័ន្ធជាច្រើនរូប។

តាមរបាយការណ៍បច្ចេកទេស គម្រោងផ្លូវថែទាំខួបក្រាលល្បាយក្រួសនេះ មានប្រវែង ១១,៩១០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ និងកម្រាស់ ២០ សង់ទីម៉ែត្រ ដោយប្រើប្រាស់ថវិការដ្ឋ (ជំពូក ៦១) ហើយអនុវត្តដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តត្បូងឃ្មុំ។

ជាលទ្ធផល គណៈកម្មាធិការលទ្ធកម្មបានសម្រេចឯកភាពទទួលយក និងប្រកាសបញ្ចប់រយៈពេលធានាសុពលភាពជាស្ថានពរ លើគម្រោងផ្លូវនេះ បន្ទាប់ពីពិនិត្យឃើញថា ការដ្ឋានបានអនុវត្តត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស ធានាបាននូវគុណភាពរឹងមាំ និងរៀបចំរួចរាល់ទាន់ពេលវេលា។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមន្ទីរអភិវឌ្ឍន៍ជនបទខេត្តត្បូងឃ្មុំ ព្រមទាំងក្រុមការងារបច្ចេកទេសទាំងអស់ ដែលបានប្រឹងប្រែងបំពេញភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។

ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត ក៏បានជំរុញឱ្យអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ បន្តយកចិត្តទុកដាក់តាមដាន និងថែទាំផ្លូវនេះជាប្រចាំ ដើម្បីធានាការប្រើប្រាស់បានយូរអង្វែង សម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនកសិផលរបស់ប្រជាពលរដ្ឋ សំដៅលើកកម្ពស់ជីវភាព និងសេដ្ឋកិច្ចក្នុងមូលដ្ឋានឱ្យកាន់តែប្រសើរឡើង៕

អត្ថបទព័ត៌មាន និងរូបភាព ដោយ ៖ វិច្ឆិកា
សម្របសម្រួលអត្ថបទព័ត៌មាន ដោយ ៖ អារុណ្ណាទី

Leave a Reply

Your email address will not be published. Required fields are marked *