ឯកឧត្តម ឡាន់ ឆន អំពាវនាវប្រជាពលរដ្ឋនៅស្រុកអូររាំងឪ ឱ្យបន្តជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្តេចធិបតី ក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ

ខេត្តត្បូងឃ្មុំ) ៖ នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ម៉ៅ ឌុង អភិបាលរង នៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញចូលរួមអមដំណើរ ឯកឧត្តម ឡាន់ ឆន អនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ អញ្ជើញដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្ត នៃសមាគមបេសកកម្មមនុស្សធម៌ប្រទេសបារាំងនៅកម្ពុជា (AMH) បន្តចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ស្ថិតនៅវិទ្យាល័យ ហេង សំរិន ចក ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។

 

លោក ជា ណារ៉ុន អភិបាលស្រុកអូររាំងឪ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមគ្រូពេទ្យស្ម័គ្រចិត្ត AMH និងថ្នាក់ដឹកនាំ ដែលតែងតែយកចិត្តទុកដាក់លើសុខុមាលភាពប្រជាពលរដ្ឋក្នុងស្រុកជាង ១០ម៉ឺននាក់។ លោកបានរំលឹកថា កន្លងមក ស្រុកអូររាំងឪតែងតែទទួលបានការយកចិត្តទុកដាក់ជួយសង្គ្រោះផ្នែកសុខាភិបាលជាបន្តបន្ទាប់ ក្រោមការចង្អុលបង្ហាញពី ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ តាមរយៈការនាំយកក្រុមគ្រូពេទ្យស្ម័គ្រចិត្តអន្តរជាតិជាច្រើនលើកមកព្យាបាលជូនពលរដ្ឋដោយឥតគិតថ្លៃ។

 

ក្នុងឱកាសនោះ ឯកឧត្តម ឡាន់ ឆន បាននាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងថ្នាក់ដឹកនាំព្រឹទ្ធសភា ដែលតែងតែយកចិត្តទុកដាក់អំពីសុខុមាលភាពរស់នៅរបស់ប្រជាពលរដ្ឋទូទាំងប្រទេស។ ទន្ទឹមនេះ ឯកឧត្តម បានអំពាវនាវដល់ប្រជាពលរដ្ឋក្នុងស្រុកអូររាំងឪទាំងអស់ ឱ្យបន្តជឿទុកចិត្តយ៉ាងរឹងមាំលើ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយសន្តិវិធី និងតាមយន្តការការទូត ស្របតាមធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន។

 

ឯកឧត្តម ឡាន់ ឆន បានថ្លែងអំណរគុណដល់រដ្ឋបាលខេត្ត ក៏ដូចជារដ្ឋបាលស្រុក ដែលបានសម្របសម្រួលទីតាំង និងបានកោតសរសើរយ៉ាងស្មោះចំពោះស្មារតីលះបង់របស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត AMH ព្រមទាំងអស់ និងបានផ្តាំផ្ញើឱ្យប្រជាពលរដ្ឋយកចិត្តទុកដាក់ថែរក្សាសុខភាព ដោយចៀសវាងការបរិភោគអាហារដែលមានជាតិប្រៃ ផ្អែម ឬខ្លាញ់ច្រើនពេក។ មុននឹងបញ្ចប់ ឯកឧត្តមបានប្រគល់លិខិតថ្លែងអំណរគុណ និងវត្ថុអនុស្សាវរីយ៍ (ទឹកឃ្មុំ និងនំខ្មែរ) ជូនដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត AMH ក្នុងបរិយាកាសស្និទ្ធស្នាល និងកក់ក្តៅបំផុត។

Leave a Reply

Your email address will not be published. Required fields are marked *