ខេត្តមណ្ឌលគិរី ៖ នារសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ នេះ គណៈកម្មការអន្តរក្រសួង រួមមានក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដឹកនាំដោយ ឯកឧត្តម ជី ស៊ីថា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចុះត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាព ១០០% លើគម្រោងជួសជុលថែទាំផ្លូវខួប និងសាងសង់សំណង់សិល្បការ្យ ស្ថិតនៅក្នុងស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។
ក្នុងដំណើរត្រួតពិនិត្យការងារខាងលើនេះ ក៏មានការចូលរួមពីលោក កឹង ឈាន អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគិរី និងលោក សួង សំណាង ប្រធានការិយាល័យផ្លូវជនបទ ព្រមទាំងមន្ត្រីបច្ចេកទេសពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។
យោងតាមរបាយការណ៍បច្ចេកទេស គម្រោងដែលបានចុះត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាពនាពេលនេះ ជាគម្រោងស្ថិតក្នុងផែនការឆ្នាំ២០២៥ (DRR-RM-2025-No.027) ដែលរួមមាន ការងារជួសជុលថែទាំផ្លូវខួប ចំនួន ០១ខ្សែ មានប្រវែងសរុប ១០,៥០០ ម៉ែត្រ។ការងារសាងសង់លូមូលចំនួន ០៤ កន្លែងស្ថិតនៅក្នុងឃុំពូជ្រៃ និងឃុំក្រង់តេះ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។
ក្រោយពីបានចុះពិនិត្យពិនិត្យជាក់ស្តែងលើគុណភាពសំណង់ និងលក្ខណៈបច្ចេកទេសយ៉ាងហ្មត់ចត់រួចមក គណៈកម្មការអន្តរក្រសួងបានវាយតម្លៃ និងឯកភាពទទួលយកលទ្ធផលការងារនៃគម្រោងនេះ ១០០% ជាស្ថាពរ។
សមិទ្ធផលផ្លូវ និងលូមូលថ្មីនេះ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ក្នុងការដឹកជញ្ជូនកសិផលទៅកាន់ទីផ្សារ ក៏ដូចជាការធ្វើដំណើររបស់សិស្សានុសិស្សទៅកាន់សាលារៀន ឱ្យកាន់តែមានភាពងាយស្រួល ឆាប់រហ័ស និងសុវត្ថិភាពជាងមុន ៕អត្ថបទមន្ទីព័ត៌មានខេត្ត.មណ.

