ខេត្តត្បូងឃ្មុំ)៖ អនុវត្តតាមបទបញ្ជាផ្ទាល់របស់ ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តត្បូងឃ្មុំ, ក្រុមការងារចម្រុះខេត្ត សហការជាមួយកងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ បានចុះអនុវត្តវិធានការច្បាប់យ៉ាងតឹងរ៉ឹង ដោយសម្រេចបិទជាបណ្តោះអាសន្ននូវទីតាំងក្រុមហ៊ុន «ឃីងរ៉ូស្ទើ អេនធើធេនមិន ឯ.ក» (King Rooster Entertainment Co., Ltd.) ដែលស្ថិតនៅភូមិអំពិល ឃុំកក់ ស្រុកពញាក្រែក ក្រោយរកឃើញភាពមិនប្រក្រតីពាក់ព័ន្ធនឹងការស្នាក់នៅរបស់ជនបរទេស។
នៅក្នុងប្រតិបត្តិការចុះអនុវត្តផ្ទាល់នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ នេះ សមត្ថកិច្ចបានសម្រេចបិទខ្ទប់ទីតាំងក្រុមហ៊ុនទាំងស្រុង ដែលមានអគារសរុបចំនួន ៣៣អគារ និងវីឡា ៣ជាន់ ចំនួន ១៥ខ្នង។ ជាមួយគ្នានេះ ក្រុមការងារបានចាត់វិធានការក្តៅ ជុំវិញការកាត់ផ្តាច់ការផ្គត់ផ្គង់ រួមមាន៖
ប្រព័ន្ធទឹក៖ ត្រូវបានបិទ និងកាត់ផ្តាច់វ៉ានទឹកសរុបចំនួន ៤១កន្លែង។
ប្រព័ន្ធអគ្គិសនី៖ ត្រូវបានកាត់ផ្តាច់ត្រង់ស្វូអគ្គិសនីចំនួន ២គ្រឿង, ម៉ាស៊ីនភ្លើងចំនួន ២គ្រឿង រួមទាំងខ្សែបណ្តាញតភ្ជាប់នានា។
ប្រព័ន្ធអ៉ីនធើណេត៖ ត្រូវបានកាត់ផ្តាច់ទាំងស្រុង។
ដោយឡែក សម្រាប់កាមេរ៉ាសុវត្ថិភាពចំនួន ២គ្រឿង គឺត្រូវបានបំពាក់ និងគ្រប់គ្រងដោយអគ្គនាយកដ្ឋានឌីជីថល និងផ្សព្វផ្សាយអប់រំ នៃក្រសួងមហាផ្ទៃ។
ការចាត់វិធានការដ៏តឹងរ៉ឹងនេះ ធ្វើឡើងបន្ទាប់ពីសមត្ថកិច្ចបានបើកការត្រួតពិនិត្យហ្មត់ចត់លើជនបរទេស និងកម្លាំងពលកម្ម ដោយទទួលបានលទ្ធផលដូចខាងក្រោម៖
-កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦៖ ក្រុមការងារ គបឆប បានត្រួតពិនិត្យឃើញមានជនបរទេសស្នាក់នៅចំនួន ៣៦នាក់ (ស្រី ៧នាក់) ក្នុងនោះរកឃើញ ១នាក់ ពុំមានទិដ្ឋាការស្នាក់នៅ (Visa) ឡើយ។ ក្រុមការងារបានសម្រេចស្នើសុំគោលការណ៍ បញ្ជូនខ្លួនជនបរទេសរូបនោះទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីបន្តនីតិវិធីច្បាប់។
-នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦៖ ក្រុមការងារចម្រុះបានបន្តត្រួតពិនិត្យឃើញមានជនបរទេស ចូលមកស្នាក់នៅ និងធ្វើការងារថ្មីចំនួន ៣នាក់ (ស្រី ១នាក់) រួមមាន៖
១. ឈ្មោះ LI GANG ភេទប្រុស អាយុ ៣៩ឆ្នាំ (លិខិតឆ្លងដែនលេខ EJ7252800)
២. ឈ្មោះ HUANG ZEPENG ភេទប្រុស អាយុ ៣៤ឆ្នាំ (លិខិតឆ្លងដែនលេខ EJ0212585)
៣. ឈ្មោះ ZHANG XUE ភេទស្រី អាយុ ៣៣ឆ្នាំ (លិខិតឆ្លងដែនលេខ EP4870317)
(យោងតាមការបញ្ជាក់ពីតំណាងក្រុមហ៊ុន ជនបរទេសទាំង ៣នាក់នេះ មានលិខិតឆ្លងដែន ទិដ្ឋាការ ប័ណ្ណការងារត្រឹមត្រូវ និងបានចុះឈ្មោះក្នុងប្រព័ន្ធ FPCS រួចរាល់)។
ការអនុវត្តវិធានការបិទទីតាំងអាជីវកម្ម ព្រមទាំងការកាត់ផ្តាច់ប្រព័ន្ធទឹក ភ្លើង និងអ៉ីនធើណេតនេះ គឺជានីតិវិធីច្បាប់ដ៏ម៉ឺងម៉ាត់ ក្នុងយុទ្ធនាការបង្ក្រាបបទល្មើសនានា រួមទាំងល្បែងស៊ីសងអនឡាញខុសច្បាប់ ឬអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam) នៅកម្ពុជា។
ប្រតិបត្តិការនេះ ធ្វើឡើងដោយគណៈកម្មការចម្រុះ នៃរដ្ឋបាលខេត្តត្បូងឃ្មុ ដោយមានការសម្របសម្រួលផ្ទាល់ពីស្ថាប័នអយ្យការ ស្របតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ក្នុងការរឹតបន្តឹងសន្តិសុខ គ្រប់គ្រងរាល់ការស្នាក់នៅ និងអាជីវកម្មរបស់ជនបរទេសនៅក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ មិនឱ្យមានការលួចលាក់ប្រព្រឹត្តបទល្មើសជាដាច់ខាត៕

