(ត្បូងឃ្មុំ)៖ ដើម្បីធានាបាននូវសុវត្ថិភាព និងការត្រៀមលក្ខណៈបង្ការគ្រោះមហន្តរាយឱ្យបានទាន់ពេលវេលា នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦នេះ ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ រួមជាមួយកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យដោយផ្ទាល់នៅទីទួលសុវត្ថិភាពចំនួន ៥ទីតាំង ស្ថិតក្នុងឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
ទីតាំងទីទួលសុវត្ថិភាព ក្នុងឃុំទន្លេបិទមានដូចជា៖
១,ទួលវត្តសុវណ្ណមាលី ភូមិយាយស ២,ទួលឧកញ៉ា អាន ម៉ារឌី ភូមិទន្លេបិទ ៣,ទួលឧកញ៉ា វ័ន ប៊ុនថៃ ភូមិទន្លេបិទ ៤,ទួលបេង ភូមិអំពិលជ្រុំ ៥,គល់ស្ពានទួលខ្សាច់ ភូមិទួលខ្សាច់។
ក្នុងឱកាសចុះពិនិត្យនោះ ឯកឧត្តមអភិបាលខេត្ត បានពិនិត្យលើស្ថានភាពទូទៅនៅតាមទីទួលសុវត្ថិភាពនីមួយៗ ដើម្បីធានាថាមានកន្លែងស្នាក់នៅសមរម្យ មានអនាម័យ និងមានការការពារសន្តិសុខសណ្ដាប់ធ្នាប់ល្អជូនដល់បងប្អូនប្រជាពលរដ្ឋដែលបានជម្លៀសមកកាន់ទីនេះ។
យោងតាមរបាយការណ៍បឋមដែលទទួលបាន ស្ថានភាពទឹកជំនន់នៅក្នុងខេត្តត្បូងឃ្មុំ នាពេលបច្ចុប្បន្ន បានបង្កផលប៉ះពាល់ដល់ស្រុកចំនួន២ គឺស្រុកត្បូងឃ្មុំ និងស្រុកក្រូចឆ្មារ ដែលគ្របដណ្តប់លើឃុំចំនួន៧។ ក្នុងនោះ ប្រជាពលរដ្ឋរងផលប៉ះពាល់សរុបមានប្រមាណ ៥៩៦គ្រួសារ ដោយឡែកប្រមាណ ៥២៦គ្រួសារ ត្រូវបានអាជ្ញាធរជម្លៀសទៅកាន់ទីទួលសុវត្ថិភាពជាបណ្តោះអាសន្ន ដើម្បីបញ្ចៀសគ្រោះថ្នាក់ផ្សេងៗ។ ក្រៅពីប៉ះពាល់ដល់លំនៅឋាន ទឹកជំនន់ក៏បានជន់លិច និងបង្កការខូចខាតដល់ដំណាំកសិកម្មមួយចំនួនរបស់ប្រជាពលរដ្ឋផងដែរ។
ឯកឧត្តម គណៈអភិបាលខេត្ត បានមានប្រសាសន៍ណែនាំដល់អាជ្ញាធរមូលដ្ឋាន និងកងកម្លាំងពាក់ព័ន្ធទាំងអស់ ត្រូវបន្តតាមដានស្ថានភាពទឹកឱ្យបានជាប់ជាប្រចាំ និងត្រូវត្រៀមលក្ខណៈជួយសង្គ្រោះប្រជាពលរដ្ឋឱ្យបាន ២៤ម៉ោង លើ ២៤ម៉ោង។ ឯកឧត្តមក៏បានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះសត្វអាសិរពិស និងត្រូវមើលថែទាំកុមារតូចៗឱ្យបានល្អ ចៀសវាងគ្រោះថ្នាក់លង់ទឹកជាយថាហេតុ។
អត្ថបទ៖ នូ សុផាន់ណា
រូបភាព៖ ហេ
ង វិច្ឆិកា
