(ខេត្តត្បូងឃ្មុំ)៖ នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឡាន់ ឆន អនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ នៃព្រឹទ្ធសភា បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃសមាគមបេសកកម្មមនុស្សធម៌ប្រទេសបារាំងនៅកម្ពុជា (AMH) ចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅមន្ទីរពេទ្យបង្អែកអូររាំងឪ។
ពិធីនេះមានការអញ្ជើញចូលរួមអមដំណើរដោយ ឯកឧត្តម ម៉ៅ ឌុង អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ព្រមទាំងថ្នាក់ដឹកនាំរដ្ឋបាលខេត្ត-ស្រុក មន្ទីរ-អង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ពន្ធធនាគារខេត្ត និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។
លោក ជា ណារ៉ុន អភិបាលស្រុកអូររាំងឪ បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំព្រឹទ្ធសភា និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តទាំងអស់ ដែលបានគិតគូរពីសុខុមាលភាពប្រជាពលរដ្ឋនៅតាមជនបទ។ លោកបានបន្តថា ស្រុកអូររាំងឪ មានប្រជាពលរដ្ឋសរុប ១០៣.៨០២ នាក់ (ក្នុងនោះ ៧២,៧% ជាកសិករ)។ ទោះបីជាស្រុកមានមន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាពចំនួន ៩កន្លែង រង់ចាំផ្តល់សេវា ២៤ម៉ោង លើ ២៤ម៉ោង ក៏ដោយ ប៉ុន្តែការចុះជួយបន្ថែមពីគ្រូពេទ្យឯកទេសនាពេលនេះ ពិតជាមានតម្លៃមិនអាចកាត់ថ្លៃបានក្នុងការកាត់បន្ថយការចំណាយ និងលើកកម្ពស់សុខភាពក្នុងមូលដ្ឋាន។
លោកអភិបាលស្រុក បានគូសបញ្ជាក់ថា នេះជាលើកទី២ ហើយ ដែលសមាគម AMH បានចុះមកជួយស្រុកអូររាំងឪ ដោយកាលពីឆ្នាំ២០២៥ ធ្លាប់បានព្យាបាលជូនពលរដ្ឋចំនួន ២០០នាក់រួចម្តងមកហើយ។ លើសពីនេះ ក្រោមការយកចិត្តទុកដាក់ពី ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ ស្រុកអូររាំងឪក៏ធ្លាប់ទទួលបានការចុះជួយពីក្រុមគ្រូពេទ្យជំនាញបរទេសចំនួន ៣លើករួចមកហើយ រួមមាន ក្រុមគ្រូពេទ្យមកពីសាធារណរដ្ឋកូរ៉េ, ក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពីប្រទេសតួគី និងក្រុមគ្រូពេទ្យគ្មានព្រំដែនមកពីប្រទេសម៉ាឡេស៊ីផងដែរ។
ក្នុងឱកាសនោះ ឯកឧត្តម ឡាន់ ឆន អនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខដោយក្តីនឹករលឹកពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចគតិ្តព្រឹទ្ធបណ្ដិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំងឯកឧត្តមអនុប្រធានទី១ និងឯកឧត្តមបណ្ឌិត អនុប្រធានទី២ នៃព្រឹទ្ធសភា ជូនចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលជានិច្ចកាល ថ្នាក់ដឹកនាំកំពូលៗតែងតែយកចិត្តទុកដាក់ និងគិតគូរខ្ពស់ពីសុខុមាលភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស។
ឯកឧត្តមក៏បានថ្លែងការវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សមាគម AMH ព្រមទាំងការសម្របសម្រួលពីអាជ្ញាធរដែនដី និងក្រុមការងារចុះមូលដ្ឋាន ដែលបានរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល ក្នុងការជួយសម្រាលបន្ទុកចំណាយរបស់ពលរដ្ឋ។ ទន្ទឹមនេះ ឯកឧត្តមបានពន្យល់ណែនាំអំពីអាទិភាពចម្បងពីរនៃព្រឹទ្ធសភានីតិកាលទី៥ គឺការលើកកម្ពស់ការទូតសភា និងការបង្កើនទំនាក់ទំនងជិតស្និទ្ធជាមួយក្រុមប្រឹក្សាឃុំ សង្កាត់ ដែលជាតំណាងផ្ទាល់របស់ប្រជាពលរដ្ឋ។
មុននឹងបញ្ចប់ ឯកឧត្តម ឡាន់ ឆន អនុប្រធានក្រុម បានលើកឡើងអំពីបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយបានអំពាវនាវឱ្យប្រជាពលរដ្ឋមានទំនុកចិត្តលើរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីតាមយន្តការការទូត ព្រមទាំងបានផ្តាំផ្ញើឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ យកចិត្តទុកដាក់ថែរក្សាសុខភាពតាមរយៈការរស់នៅស្អាត ហូបស្អាត និងកាត់បន្ថយអាហារផ្អែម ប្រៃ ឬខ្លាញ់ច្រើន ដើម្បីជៀសវាងជំងឺដំកាត់ផ្សេងៗ៕
សម្របសម្រួលអត្ថបទដោ–
យ ៖ អារុណ្ណាទី
