ខេត្តមណ្ឌលគិរី ៖ ក្នុងកិច្ចខិតខំប្រឹងប្រែងពង្រឹងការគ្រប់គ្រង និងអភិរក្សធនធានធម្មជាតិ នាពេលថ្មីៗនេះ កម្លាំងជំនាញនៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានបើកប្រតិបត្តិការចុះបង្រ្កាបបទល្មើសព្រៃឈើទ្រង់ទ្រាយធំមួយ នៅចំណុចជើងភ្នំគូស ភូមិសាស្ត្រខេត្តមណ្ឌលគិរី ក្នុងដែនជម្រកសត្វព្រៃកែវសីមា ដោយរឹបអូសបានឈើអារប្រណិតប្រភេទលេខ១ និងលេខ៣ យ៉ាងច្រើនសន្ធឹកសន្ធាប់។
ប្រតិបត្តិការនេះ នៅថ្ងៃទី 19 ខែមីនាឆ្នាំ 2026 ដឹកនាំផ្ទាល់ដោយ លោក ហាក់ វិបុល ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ដោយមានការចូលរួមសហការយ៉ាងសកម្មរវាងក្រុមការងារឧទ្យានុរក្សស្នាក់ការចំបក់ និងកម្លាំងស្នាក់ការស្រែរនាម (ខេត្តក្រចេះ) ដែលនេះសបញ្ជាក់ឱ្យឃើញពីកិច្ចសហការយ៉ាងជិតស្និទ្ធឆ្លងខេត្ត ដើម្បីលុបបំបាត់បទល្មើសធនធានធម្មជាតិ។
ជាលទ្ធផលនៃប្រតិបត្តិការនេះ កម្លាំងចម្រុះបានធ្វើការរឹបអូសនូវវត្ថុតាងរួមមាន៖ ឈើអារប្រភេទលេខ១ និងលេខ៣ (ប្រភេទឈ្លីស និងល្វេរ) សរុបប្រមាណ ៣១៩ សន្លឹក/ដុំ។ សសរឈើ ចំនួន ៩ ដើម។
បច្ចុប្បន្ន វត្ថុតាងឈើទាំងអស់ ត្រូវបានកម្លាំងជំនាញដឹកជញ្ជូនមករក្សាទុកជាបណ្ដោះអាសន្ន នៅស្នាក់ការចំបក់ នៃដែនជម្រកសត្វព្រៃកែវសីមា ដើម្បីរង់ចាំការវាស់វែង និងបន្តនីតិវិធីច្បាប់ជាធរមាន។
ផ្អែកតាមការសន្និដ្ឋានបឋមរបស់សមត្ថកិច្ច ប្រភពនៃឈើទាំងនោះ អាចត្រូវបានជនល្មើសធ្វើការកាប់ និងអារចេញពីតំបន់ជើងភ្នំគូស ដែលស្ថិតក្នុងបរិវេណគម្រោងសិក្សាមាស និងអតីតក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ច (ដាយណាម)។
លោក ហាក់ វិបុល ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប ឱ្យចូលរួមសហការជាមួយអាជ្ញាធរ ដោយផ្តល់ព័ត៌មានទាក់ទងនឹងបទល្មើសព្រៃឈើ ដើម្បីរួមគ្នាការពារធនធានធម្មជាតិដ៏មានតម្លៃរបស់យើង សម្រាប់កូនចៅជំនាន់ក្រោយ៕

