ទិវាជាតិ ទីក្រុងស្អាតលើកទី១៣ សម្រាប់ខេត្តត្បូងឃ្មុំឆ្នាំនេះ ធ្វើឡើងនៅក្រុងសួង ..

ផ្សាយចេញថ្ងៃ២០ខែមីនាឆ្នាំ២០២៦

ត្បូងឃ្មុំ៖ ទិវាជាតិ ទីក្រុងស្អាតលើកទី១៣ ឆ្នាំ២០២៦ ក្រោមប្រធានបទ “សាមគ្គីដើម្បីទីក្រុងស្អាត” គឺត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ នៅបរិមាណសាលាក្រុងសួង ខេត្តត្បូងឃ្មុំ ដែលពិធីនេះរដ្ឋបាលខេត្តត្បូងឃ្មុំ បានធ្វើឡើង ក្រោមអធិបតីភាព ឯកឧត្តម ប៉េង សម្បត្តិ អភិបាលរងខេត្ត តំណាងឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ ដើម្បីបញ្រ្ជាបការយល់ដឹងដល់បងប្អូនប្រជាពលរដ្ឋ ក្នុងការសម្អាតទីក្រុង ឱ្យមានភាពស្អាត សោភ័ណ្ឌភាព និងអនាម័យ។

លោក ងួន ប៊ុណ្ណាន អភិបាលក្រុងសួង បានឡើងធ្វើរបាយការណ៍ដោយបានបង្ហាញថា ក្រុងសួងគឺជាក្រុងមួយក្នុងចំណោមស្រុកទាំង៧ នៃខេត្តត្បូងឃ្មុំ ហើយត្រូវបានចាត់ទុកថាក្រុងស្អាត និងមានសោភ័ណ្ឌភាពល្អ នាឆ្នាំកន្លងមក ក្រុងសួងធ្លាប់ទទួលបានជ័យលាភីផ្ការំដួល១ទង ក្នុងព្រឹត្តការចលនាប្រឡងប្រណាំងទីក្រុងស្អាតលើកទី២ផងដែរ។

លោកអភិបាលក្រុងក៏បានបញ្ជាក់ផងដែរថា ការប្រារពទិវាជាតិ ទីក្រុងស្អាតលើកទី១៣ សម្រាប់ខេត្តត្បូងឃ្មុំឆ្នាំនេះ គឺធ្វើឡើងដើម្បីបញ្ជ្រាបការយល់ដឹងដល់ប្រជាពលរដ្ឋ ឱ្យមានផ្នត់គំនិតស្រឡាញ់បរិស្ថាន និងចូលរួមក្នុងការថែរក្សាបរិស្ថានឱ្យមានសោភ័ណ្ឌភាព និងអនាម័យ ដើម្បីឱ្យក្រុងសួងក្លាយជាក្រុងដែលគ្មានសម្រាម និងការបំពុល។

ជាមួយគ្នានោះ ឯកឧត្តម ប៉េង សម្បត្តិ អភិបាលរងខេត្ត បានធ្វើការថ្លែងអំណរគុណដល់លោកអភិបាលក្រុង ដែលយកចិត្តទុកដាក់លើការងារថែរទាំ សម្អាត រក្សាអនាម័យសណ្តាប់ធ្នាប់ក្នុងក្រុង ដែលនេះគឺជាមុខមាត់សម្រាប់ខេត្តត្បូងឃ្មុំយើងទាំងមូលផងដែរ។

ក្នុងទិវាជាតិ ទីក្រុងស្អាតលើកទី១៣ ឆ្នាំ២០២៦នេះ ឯកឧត្តមអភិបាលរងខេត្ត បានធ្វើការណែនាំបន្ថែមដល់រដ្ឋបាលក្រុង ឱ្យបន្តយកចិត្តទុកដាក់លើសោភ័ណ្ឌភាពក្រុង ជាពិសសត្រូវធ្វើការពន្យល់ណែនាំដល់ ប្រជាពលរដ្ឋ អាជីវករលក់ដូរ ឱ្យចេះរៀបចំទុកដាក់សម្រាមឱ្យបានត្រឹមត្រូវ ព្រមទាំងចូលរួមធ្វើការដាំដើមឈើលម្អរសោភ័ណ្ឌភាពក្រុង ដែលដើមឈើទាំងនោះមានសារៈសំខាន់ជាម្លប់ និងជាគម្របដី ជាពិសេសគឺរក្សាបាននៅស្ថេរភាពការបូន កាត់បន្ថយការឡើងកម្តៅ និងឧស្ម័នផ្ទះកញ្ចក់ផងដែរ។

ក្រោយបញ្ចប់សន្ទរកថា គណៈអធិបតី ព្រមទាំងប្រតិភូ មន្ទីរអង្គភាពជុំវិញខេត្ត រួមមានមន្ទីរទេសចរណ៍ខេត្ត មន្ទីរវប្បធម៌ខេត្ត មន្ទីរធនធាតុទឹក និងឧត្តុនិយមខេត្ត មន្ទីរបរិស្ថានខេត្ត ស្នងការដ្ឋាននគរបាលខេត្ត បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត តំបន់ប្រតិបត្តការសឹករងខេត្ត សិស្សានុសិស្ស យុវជនកាយរិទ្ធ យុវជនស.ស.យ.ក លោកគ្រូ អ្នកគ្រូ បានដើរក្បួនដង្ហែរជាមួយនឹងផ្ទាំង បដា ពាក្យស្លោកបរិស្ថានស្អាត ដើម្បីបញ្ជា្របការយល់ដឹងដល់ប្រជាពលរដ្ឋក្រុងសួងចូលរួមស្រឡាញ់បរិស្ថាន ថែទាំបរិស្ថាន អនាម័យទីក្រុង ព្រមទាំងចូលរួមរើសសម្រាមសម្អាតបរិស្ថានជុំវិញរដ្ឋបាលក្រុងសួងផងដែរ៕ û

Leave a Reply

Your email address will not be published. Required fields are marked *