ខេត្តមណ្ឌលគិរី ៖ជនសង្ស័យចំនួន ៧នាក់ ស្រី ៣នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន កាលពីវេលាម៉ោង ១១ និង១០នាទីយប់ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ នៅចំណុចរីសតហៃឡេន (Highland Resort) ក្នុងភូមិពូតាំង សង្កាត់រមនា ក្រុងសែនមនោរម្យ។ ជនសង្ស័យទាំងនេះ តាមប្រភពបានដឹងថា ជាអ្នកធ្វើដំណើរមកពីបណ្តាខេត្ត-រាជធានីផ្សេងៗគ្នា ណាត់មកជួបជុំគ្នានៅទីនេះ។
លោកវរសេនីយ៍ឯក កាន់ ពេញ អធិការក្រុងសែនមនោរម្យ បានឱ្យដឹងថា ប្រតិបត្តិការខាងលើនេះ ធ្វើឡើងក្រោមការចង្អុលបង្ហាញពីលោកវរសេនីយ៍ឯក ជា ចិត្រា ស្នងការនគរបាល ខេត្តមណ្ឌលគិរី និងមានការសម្របសម្រួលនីតិវិធីពីលោក ស៊ាវ ងីឈាន់ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តមណ្ឌលគិរី ក្រោយពីទទួលបានសេចក្តីរាយការណ៍ច្បាស់ការណ៍ពីប្រជាពលរដ្ឋមូលដ្ឋាន។
នៅក្នុងរង្វង់ប្រតិបត្តិការឆែកឆេរទីតាំងកើតហេតុ កម្លាំងជំនាញបានរកឃើញ និងដកហូតវត្ថុតាងខុសច្បាប់ រួមមាន ម្សៅក្រាមពណ៌ស សង្ស័យជាគ្រឿងញៀនប្រភេទកេតាមីន (Ketamine) ចំនួន ១កញ្ចប់តូច ។រថយន្ត ១គ្រឿង និងទូរសព្ទដៃ ៦គ្រឿង។ កុំព្យូទ័រយួរដៃ ១គ្រឿង និងបាស JBL ១គ្រឿង។ឧបករណ៍កែច្នៃសម្រាប់ជួបជុំ (អំពូលភ្លើងវិល ៣គ្រឿង, ក្តារដាក់តែ ១, បារីអេឡិចត្រូនិក ២គ្រឿង) ព្រមទាំងចិញ្ចៀនលោហៈធាតុពណ៌លឿង ៣វង់។
សមត្ថកិច្ចបានបញ្ជាក់បន្ថែមថា ក្រុមជនសង្ស័យទាំង ៧នាក់នេះ មិនមែនជាអ្នកស្រុកក្នុងតំបន់នេះទេ ពោលគឺពួកគេបានណាត់គ្នាធ្វើដំណើរមកលេងខេត្តមណ្ឌលគិរី ដោយខ្លះមានស្រុកកំណើតនៅរាជធានីភ្នំពេញ ខេត្តបាត់ដំបង ព្រះវិហារ កណ្តាល និងខេត្តសៀមរាប។
បច្ចុប្បន្ន ជនសង្ស័យរួម និងវត្ថុតាងទាំងអស់ ត្រូវបានសមត្ថកិច្ចជំនាញឃាត់ខ្លួនជាបណ្តោះអាសន្ន ដើម្បីបន្តការកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្តមណ្ឌលគិរី ចាត់ការទៅតាមនីតិវិធីច្បាប់ជាធរមាន៕តឃ

