ឯកឧត្តម ជា សុផារ៉ា និងលោកជំទាវ ដឹកនាំរៀបចំពិធីបុណ្យឆ្លងដំបូលព្រះវិហារថ្មី វត្តនាគវ័ន្ត និងប្រារព្ធពិធីចម្រើនជន្មាយុ ក្នុងស្រុកក្រូចឆ្មារ

ផ្សាយថ្ងៃទី២០ខែមីនាឆ្នាំ២០២៦

(ខេត្តត្បូងឃ្មុំ)៖ នារសៀលថ្ងៃទី១៩ និងព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ជា សុផារ៉ា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកជំទាវ តាន់ ម៉ាលី ជាសុផារ៉ា បានដឹកនាំរៀបចំពិធីបុណ្យសាសនាដ៏អធិកអធម ដើម្បីឆ្លងដំបូលព្រះវិហារថ្មី នៃវត្តនាគវ័ន្ត (រកាខ្នុរក្រោម) ព្រមទាំងប្រារព្ធពិធីចម្រើនជន្មាយុគម្រប់ ៧៤ ឆ្នាំ ជូនដល់ឯកឧត្តមផ្ទាល់ ស្ថិតក្នុងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។

ពិធីបុណ្យរយៈពេល ២ថ្ងៃនេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំខេត្តត្បូងឃ្មុំ ដឹកនាំដោយ ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្ត ព្រមទាំងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រធានពន្ធនាគារខេត្ត ប្រធាន-អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត រដ្ឋបាលក្រុង/ស្រុក និងពុទ្ធបរិស័ទយ៉ាងច្រើនកុះករ។

កម្មវិធីបុណ្យ៖
នៅរសៀលថ្ងៃទី១៩ មីនា មានប្រារព្ធធ្វើកិច្ចពិធីសាសនាចាប់ផ្ដើមដោយការនមស្សការព្រះរតនត្រ័យ និងហោមពិធីក្រុងពាលីតាមបែបបុរាណ។ ក្នុងនោះ ក៏មានការនិមន្ត សម្ដេចព្រះឧត្តមបញ្ញា កិត្តិបណ្ឌិត ដួង ផង់ នន្ទិយោ និងព្រះរាជាគណៈ ៣៩អង្គ ដើម្បីចម្រើនព្រះបរិត្ត ជ័យមង្គល និងសម្ដែងព្រះធម៌ទេសនា។

លុះព្រឹកឡើងថ្ងៃទី២០ មីនា ជាថ្ងៃចម្រើនវឌ្ឍនាជន្មាយុ ៧៤ឆ្នាំ របស់ឯកឧត្តម ជា សុផារ៉ា ដោយមានការប្រារព្ធពិធីដាពិស្ដា និងការរាប់បាត្រប្រគេនព្រះសង្ឃជិត ១០០អង្គ ដើម្បីទទួលយកមគ្គផល និងឧទ្ទិសកុសលតាមជំនឿសាសនា។

សមិទ្ធផលដំបូលព្រះវិហារ និងការអភិវឌ្ឍនានាក្នុងវត្តនាគវ័ន្តនេះ គឺជាសទ្ធាជ្រះថ្លាដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ជា សុផារ៉ា និងលោកជំទាវ តាន់ ម៉ាលី ជាសុផារ៉ា ព្រមទាំងក្រុមគ្រួសារ ដើម្បីទុកជាប្រយោជន៍ដល់ព្រះសង្ឃ និងពុទ្ធបរិស័ទប្រើប្រាស់ក្នុងកិច្ចការសាសនា។

សកម្មភាពនេះ មិនត្រឹមតែបង្ហាញពីការគោរពប្រតិបត្តិក្នុងវិស័យព្រះពុទ្ធសាសនាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាឱកាសដែលមន្ត្រីរាជការ និងប្រជាពលរដ្ឋក្នុងខេត្តត្បូងឃ្មុំ សម្ដែងនូវការដឹងគុណចំពោះ ឯកឧត្តម ជា សុផារ៉ា ដែលតែងតែលះបង់ធនធាន និងកម្លាំងកាយចិត្ត ដើម្បីលើកកម្ពស់សីលធម៌សង្គម និងការអភិវឌ្ឍមូលដ្ឋានឱ្យកាន់តែរីកចម្រើន៕

Leave a Reply

Your email address will not be published. Required fields are marked *