(កំពង់ចាម-ត្បូងឃ្មុំ)៖ លោកជំទាវ ហេង សំអាន ប៉ែនកុសល្យ ប្រធានកិត្តិយស និងលោកជំទាវ នី ចាន់ធីតា ប្រធានប្រតិបត្តិ សាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តត្បូងឃ្មុំ បានដឹកនាំថ្នាក់ដឹកនាំសមាគមនារីខេត្ត សមាគមនារីស្រុកពញាក្រែក និងមន្ត្រីប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ អញ្ជើញចុះសួរសុខទុក្ខដោយផ្ទាល់ដល់ស្ត្រីសម្រាលកូនភ្លោះ ៣នាក់ (ស្រីទាំង៣) ដែលមានទីលំនៅ នៅភូមិបុស្សល្វេ ឃុំក្រែក ស្រុកពញាក្រែក ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ចាម នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦។
ក្នុងឱកាសនោះ លោកជំទាវ ហេង សំអាន ប៉ែនកុសល្យ បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខយ៉ាងជ្រាលជ្រៅ និងការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ សម្តេចមហាចក្រី ហេង សំរិន ប្រធានកិត្តិយសឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និង សម្តេចវិស្សុតវង្សា សៅ ទី ហេង សំរិន, សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជាពិសេសសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ដោយលោកជំទាវបានបញ្ជាក់ថា សម្តេចទាំងតែងតែគិតគូរជានិច្ចអំពីសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង ដោយមិនទុកឱ្យនរណាម្នាក់រងគ្រោះដោយមិនបានដឹងឮឡើយ។
ទន្ទឹមនឹងនេះ លោកជំទាវប្រធានកិត្តិយស ក៏បានលើកទឹកចិត្តដល់ក្រុមគ្រួសារមាតាដែលទើបសម្រាលកូនរួច ឱ្យយកចិត្តទុកដាក់ខ្ពស់លើការថែទាំសុខភាពមាតា និងទារិកា ដោយត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍អនាម័យ “ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត” តាមការណែនាំរបស់គ្រូពេទ្យ ដើម្បីបង្ការជំងឺផ្សេងៗ និងធានាឱ្យទារិកាទាំង ៣ មានសុខភាពល្អ និងរឹងមាំ។
ជាមួយគ្នានេះ លោកជំទាវ ហេង សំអាន ក៏បានថ្លែងនូវការកោតសរសើរ និងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យខេត្តកំពង់ចាម ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ក្នុងការជួយសម្រាលកូនដល់ស្ត្រីរូបនេះ ប្រកបដោយវិជ្ជាជីវៈខ្ពស់ រហូតទទួលបានសុវត្ថិភាពទាំងម្ដាយ និងកូន ក្នុងស្ថានភាពដ៏កម្រ និងគួរឱ្យត្រេកអរនេះ៕

