ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងរដ្ឋបាលខេត្តត្បូងឃ្មុំ សហការរៀបចំសិក្ខាសាលាស្តីពី «ការច្នៃប្រឌិត និងផលិតភាព នៅក្នុងបរិបទថ្មី» ដើម្បីពង្រឹងសមត្ថភាពសហគ្រាសក្នុងស្រុក ក្នុងបរិបទឧស្សាហកម្ម ៤.០

(ត្បូងឃ្មុំ) ៖ នៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សហការជាមួយរដ្ឋបាលខេត្តត្បូងឃ្មុំ បានរៀបចំសិក្ខាសាលាស្តីពី «ការច្នៃប្រឌិត និងផលិតភាព នៅក្នុងបរិបទថ្មី» ក្នុងគោលបំណងលើកកម្ពស់សមត្ថភាពប្រកួតប្រជែងរបស់សហគ្រាស និងសិប្បកម្មក្នុងតំបន់។ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ភោគ សុវណ្ណរិទ្ធ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រី ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និង ឯកឧត្តម កេង ប៊ុនណា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងមានការចូលរួមពី លោក ប៉ិញ វុត្ថា ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តត្បូងឃ្មុំ និងលោកស្រី អ៉ិន ចាន់ធាវី អនុប្រធានមជ្ឈមណ្ឌលផលិតភាពជាតិ នៃក្រសួង ឧ.វ.ប.ន ព្រមទាំងម្ចាស់សហគ្រាស សិប្បកម្ម សេវាកម្ម អាជីវករ និងសិស្ស-និស្សិតយ៉ាងច្រើនកុះករ។

ក្នុងឱកាសនោះ ឯកឧត្តម កេង ប៊ុនណា អភិបាលរងនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាពិសេសមជ្ឈមណ្ឌលផលិតភាពជាតិកម្ពុជា និងមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្ត ដែលជាមន្ទីរជំនាញពាក់ព័ន្ធ ដែលបានផ្តល់អាទិភាពដល់ខេត្តត្បូងឃ្មុំ ក្នុងការរៀបចំសិក្ខាសាលាដ៏មានសារៈសំខាន់នេះឡើង។

ឯកឧត្តមអភិបាលរង បន្តថា ក្នុងយុគសម័យសកលភាវូបនីយកម្ម និងបដិវត្តន៍ឧស្សាហកម្ម ៤.០ ការយល់ដឹងអំពី «ការច្នៃប្រឌិត និងផលិតភាព» មិនមែនជាជម្រើសទៀតនោះទេ ប៉ុន្តែវាគឺជាតម្រូវការចាំបាច់បំផុតសម្រាប់ម្ចាស់សហគ្រាស និងអាជីវករ ដើម្បីពង្រឹងសមត្ថភាពប្រកួតប្រជែង និងធានាបាននូវនិរន្តរភាពនៃអាជីវកម្មរបស់ខ្លួន។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមបានបង្ហាញពីសក្ដានុពលដ៏សម្បូរបែបរបស់ខេត្តត្បូងឃ្មុំ ជាពិសេសលើវិស័យកសិ-ឧស្សាហកម្ម និងសិប្បកម្មកែច្នៃ។ ឯកឧត្តមជឿជាក់ថា ប្រសិនបើម្ចាស់អាជីវកម្ម និងនិស្សិតក្នុងខេត្ត ចេះប្រើប្រាស់បច្ចេកវិទ្យា និងនវានុវត្តន៍មកច្នៃប្រឌិតធនធានដែលមានស្រាប់ វានឹងក្លាយជាកម្លាំងចលករយ៉ាងសំខាន់ក្នុងការជំរុញសេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចខេត្តទាំងមូលឱ្យកាន់តែរីកចម្រើន។

ក្នុងឱកាសនោះ ឯកឧត្តម ភោគ សុវណ្ណរិទ្ធ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម បានពាំនាំនូវការកោតសរសើរពីសំណាក់ ឯកឧត្តម ហែម វណ្ឌឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម ចំពោះស្មារតីចង់ចេះចង់ដឹងរបស់សិក្ខាកាមទាំងអស់ ដែលបានចូលរួមសិក្ខាសាលាស្តីពី «ការច្នៃប្រឌិត និងផលិតភាព» ដើម្បីក្រេបជញ្ជក់ចំណេះដឹង ពង្រឹងសមត្ថភាព និងទទួលបានបទពិសោធន៍ថ្មីៗ។ ឯកឧត្តមបានបញ្ជាក់ថា រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ជានិច្ចកាលតែងតែផ្តល់អាទិភាពខ្ពស់ដល់ការគាំទ្រវិស័យឯកជន តាមរយៈការកែសម្រួលនីតិវិធី និងការបណ្តុះបណ្តាលបច្ចេកទេស ដើម្បីជំរុញការផលិតក្នុងស្រុកជំនួសឱ្យការនាំចូល។

ឯកឧត្តមរដ្ឋលេខាធិការ ក៏បានណែនាំឱ្យម្ចាស់សហគ្រាសអនុវត្តនូវ “ឧបករណ៍ផលិតភាព” និងប្រព័ន្ធ «៥ស» (5S) ដែលជាវិធីសាស្ត្រដ៏មានប្រសិទ្ធភាពក្នុងការកាត់បន្ថយថ្លៃដើម និងបង្កើនប្រាក់ចំណេញ។ ឯកឧត្តមបានលើកឡើងជាឧទាហរណ៍នូវជោគជ័យនៃផលិតផលក្នុងស្រុកមួយចំនួនដូចជា អង្ករ ស៊ីម៉ង់ត៍ និងភេសជ្ជៈ ដែលបច្ចុប្បន្នអាចផលិតបាន បំពេញតម្រូវការ និងមានគុណភាពខ្ពស់កាត់បន្ថយការនាំចូល និងឈានទៅដល់ការនាំចេញ។

  1. ជាទីបញ្ចប់ ឯកឧត្តម ភោគ សុវណ្ណរិទ្ធ ក៏បានផ្ដាំផ្ញើដល់ម្ចាស់សហគ្រាស និងនិស្សិតទាំងអស់ ត្រូវមានឆន្ទៈក្នុងការផ្លាស់ប្តូរទម្លាប់ការងារ និងចាប់យកចំណេះដឹងបច្ចេកវិទ្យាថ្មីៗ ដើម្បីឆ្លើយតបទៅនឹងទំនុកចិត្តរបស់ប្រជាពលរដ្ឋ ដែលកំពុងងាកមកគាំទ្រផលិតផលក្នុងស្រុកកាន់តែច្រើនឡើង ដែលនេះជាមូលដ្ឋានគ្រឹះក្នុងការរុញច្រានសេដ្ឋកិច្ចជាតិឱ្យកាន់តែរឹងមាំ៕

Leave a Reply

Your email address will not be published. Required fields are marked *