(ស្រុកក្រូចឆ្មារ)៖ ដើម្បីឆ្លើយតបភ្លាមៗចំពោះទុក្ខលំបាករបស់ប្រជាពលរដ្ឋ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ផារ៉ា មង្គល ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកក្រូចឆ្មារ បានដឹកនាំក្រុមការងារអញ្ជើញចុះសួរសុខទុក្ខ និងនាំយកសម្ភារប្រើប្រាស់ចាំបាច់មួយចំនួន ទៅប្រគល់ជូនគ្រួសាររងគ្រោះដែលត្រូវអគ្គិភ័យឆាបឆេះផ្ទះ កាលពីថ្ងៃទី១៩ ខែឧសភា កន្លងទៅ ស្ថិតនៅក្នុងឃុំក្រូចឆ្មារ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។
ក្នុងឱកាសនោះ ឯកឧត្តម ផារ៉ា មង្គល បានសម្តែងនូវការសោកស្តាយយ៉ាងពន់ពេកជាមួយគ្រួសាររងគ្រោះ។ ឯកឧត្តមបានបញ្ជាក់ថា ទោះបីជាអំណោយទាំងនេះមិនអាចប៉ះប៉ូវការខូចខាតបានទាំងស្រុង ប៉ុន្តែវាជាស្តែងចេញពីស្មារតីរួមសុខរួមទុក្ខក្នុងគ្រាលំបាក និងដើម្បីបញ្ជាក់ថា បងប្អូនប្រជាពលរដ្ឋមិននៅឯកោឡើយ។
ជាមួយគ្នានេះដែរ ឯកឧត្តមប្រធានបានថ្លែងការកោតសរសើរយ៉ាងខ្លាំង ចំពោះកាយវិការមនុស្សធម៌ដ៏ទូលំទូលាយរបស់គ្រួសារវីរយុទ្ធជន លោកព្រឹន្ទបាលទោ ឆៃ រ័ត្ន ដែលបានពលីក្នុងបុព្វហេតុជាតិមាតុភូមិកាលពីពេលថ្មីៗនេះ។ បើទោះបីជាកំពុងស្ថិតក្នុងទុក្ខក្រៀមក្រំផ្ទាល់ខ្លួនក៏ដោយ ក៏គ្រួសារលោកព្រឹន្ទបាលទោបានចូលរួមឧបត្ថម្ភអង្ករចំនួន ១បាវ ជូនដល់គ្រួសាររងគ្រោះផងដែរ ដែលនេះពិតជាបានស្តែងចេញពីវប្បធម៌ «ខ្មែរជួយខ្មែរ» យ៉ាងពិតប្រាកដ។
ជាទីបញ្ចប់ ឯកឧត្តម ផារ៉ា មង្គល ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អាជ្ញាធរមូលដ្ឋាន និងកម្លាំងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដែលបានអន្តរាគមន៍ជួយសង្គ្រោះបងប្អូនប្រជាពលរដ្ឋបានទាន់ពេលវេលា ព្រមទាំងបានជូនពរដល់គ្រួសាររងគ្រោះឱ្យមានកម្លាំងចិត្តរឹងមាំ ដើម្បីស្តារជីវភាពឡើងវិញក្នុងពេលឆាប់ៗខាងមុខនេះ៕

