ឯកឧត្តមបណ្ឌិត សៅ ជីវ័ន្ត អញ្ជើញបើកការដ្ឋានស្តារឡើងវិញផ្លូវក្រាលបេតុងចំនួន ០១ខ្សែ ប្រវែង ១,៥២០ ម៉ែត្រ ស្ថិតក្នុងឃុំក្រូចឆ្មារ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ

(ខេត្តត្បូងឃ្មុំ)៖ ក្នុងស្មារតីបន្តជំរុញសន្ទុះអភិវឌ្ឍន៍ជនបទឱ្យកាន់តែរីកចម្រើន នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦នេះ ឯកឧត្តមបណ្ឌិត សៅ ជីវ័ន្ត រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានស្តារឡើងវិញផ្លូវក្រាលបេតុងចំនួន ០១ខ្សែ ប្រវែង ១,៥២០ ម៉ែត្រ ស្ថិតក្នុងឃុំក្រូចឆ្មារ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត សៅ ជីវ័ន្ត រដ្ឋលេខាធិការ បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងការគិតគូរយ៉ាងជ្រាលជ្រៅពីសំណាក់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ក៏ដូចជាថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ជាពិសេសបានរំលឹក និងវាយតម្លៃខ្ពស់ចំពោះការយកចិត្តទុកដាក់ឥតឈប់ឈររបស់ ឯកឧត្តម ជា សុផារ៉ា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលជានិច្ចកាលតែងតែនាំមកនូវសមិទ្ធផល និងការអភិវឌ្ឍលើគ្រប់វិស័យសម្រាប់ខេត្តត្បូងឃ្មុំ ជាពិសេសទឹកដីស្រុកក្រូចឆ្មារឱ្យមានការរីកចម្រើនដូចពេលបច្ចុប្បន្ន។

ឯកឧត្តមបានគូសបញ្ជាក់ថា ទោះបីជាកម្ពុជាធ្លាប់ឆ្លងកាត់ការលំបាក និងបញ្ហាប្រឈមខ្លះៗនៅតាមព្រំដែនយ៉ាងណាក្តី ក៏រាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅតែបន្តជំរុញការអភិវឌ្ឍយ៉ាងសស្រាក់សស្រាំ ផ្អែកលើអាទិភាពគន្លឹះចំនួន ៥ គឺ៖ «មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា» ដើម្បីបម្រើផលប្រយោជន៍សេដ្ឋកិច្ចជាតិ។ ឯកឧត្តមបានរំលឹកពីស្មារតី «សមរភូមិក្រោយ គាំទ្រសមរភូមិមុខ» ដើម្បីលើកទឹកចិត្តដល់កងទ័ពដែលកំពុងការពារបូរណភាពទឹកដី និងបានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋដែលជានិច្ចកាលតែងតែផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់រាជរដ្ឋាភិបាល។

ឯកឧត្តមបណ្ឌិត សៅ ជីវ័ន្ត បន្តលើកឡើងថា ក្រៅពីហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ក្រសួងបាននឹងក៏កំពុងយកចិត្តទុកដាក់លើការផ្គត់ផ្គង់ទឹកស្អាត និងកម្មវិធីអភិវឌ្ឍន៍សហគមន៍ ដើម្បីធ្វើពិពិធកម្មសេដ្ឋកិច្ចគ្រួសារ និងប្រែក្លាយភូមិដ្ឋានរបស់បងប្អូនឱ្យទៅជា «ភូមិគំរូ» ដែលមានភាពស៊ីវិល័យ តាមរយៈកម្មវិធីអាទិភាពចំនួន ៥ រួមមាន ការពង្រឹងហេដ្ឋារចនាសម្ព័ន្ធ, ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ, ការអភិវឌ្ឍសហគមន៍ឌីជីថល, ការបង្កើនប្រាក់ចំណូលគ្រួសារ និងការធ្វើទំនើបកម្មស្ថាប័ន។

ឯកឧត្តមរដ្ឋលេខាធិការ បានស្មើដល់ កងវិស្វកម្មលេខ១៨០ ស្ពាន-ថ្នល់ ដែលទទួលការសាងសង់ផ្លូវបេតុងនេះ ត្រូវអនុវត្តទៅតាមបទដ្ឋានបច្ចេកទេស ដោយធានាថាផ្លូវនេះប្រកបដោយគុណភាព និងប្រើប្រាស់បានយូរអង្វែង  ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមចូលរួមថែរក្សាសណ្តាប់ធ្នាប់ និងរបៀបរៀបរយ ក្នុងកំឡុងពេលដំណើរការសាងសង់ផ្លូវនេះ ជាពិសេសសុំឱ្យបងប្អូនមានការយោគយល់អធ្យាស្រ័យ និងចូលរួមសម្របសម្រួលជាមួយក្រុមការងារបច្ចេកទេស ដើម្បីឱ្យសមិទ្ធផលនេះលេចចេញជា រូបរាងឆាប់រហ័ស សម្រាប់បម្រើឱ្យការធ្វើដំណើរ និងការដឹកជញ្ជូន។

គួរបញ្ជាក់ថា ផ្លូវបេតុងថ្មីនេះមានទទឹង ៨ ម៉ែត្រ កម្រាស់ ២ តឹក អមដោយចិញ្ចើមផ្លូវក្រាលគ្រួសក្រហម ១ ម៉ែត្រសងខាង ដែលអនុវត្តដោយកងវិស្វកម្មលេខ ១៨០ ស្ពាន-ថ្នល់ (ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម សុដេត) នៃក្រសួងការពារជាតិ និងជាចំណងដៃដ៏ថ្លៃថ្លាសម្រាប់បងប្អូនប្រជាពលរដ្ឋក្នុងឃុំក្រូចឆ្មារទាំងមូល៕

Leave a Reply

Your email address will not be published. Required fields are marked *