(ត្បូងឃ្មុំ)៖ យុវជនខ្មែរជានិស្សិតឆ្នើមតំណាងឱ្យព្រះរាជាណាចក្រកម្ពុជា មកពីគ្រឹះស្ថានឧត្តមសិក្សារដ្ឋចំនួន ៥ ក្នុងនោះរួមមានទាំងសាកលវិទ្យាល័យហេងសំរិនត្បូងឃ្មុំផងដែរនោះ នឹងត្រូវចូលរួមប្រកួតប្រជែងសមត្ថភាព និងបង្ហាញនវានុវត្តន៍ឌីជីថលលើឆាកអន្តរជាតិ ក្នុងវគ្គផ្តាច់ព្រ័ត្រនៃការប្រកួតប្រជែងនវានុវត្តន៍យុវជនស្តីពីអភិបាលកិច្ច និងការអភិវឌ្ឍតំបន់ឡានឆាង-មេគង្គ លើកទី១០ (YICMG) នាថ្ងៃស្អែកនេះហើយ។
ព្រឹត្តិការណ៍ដ៏មានសារៈសំខាន់កម្រិតតំបន់នេះ នឹងត្រូវធ្វើការចាក់ផ្សាយបន្តផ្ទាល់នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង ១០:០០ ព្រឹកតទៅ (ម៉ោងនៅក្នុងប្រទេសកម្ពុជា)។
សេចក្តីរាយការណ៍បានឱ្យដឹងថា ការប្រកួតវគ្គផ្តាច់ព្រ័ត្រអន្តរជាតិប្រចាំឆ្នាំនេះ ត្រូវបានរៀបចំឡើងនៅសាកលវិទ្យាល័យអ៊ូហាន (Wuhan University) ប្រទេសចិន ដោយមានការចូលរួមប្រកួតប្រជែងពីក្រុមនិស្សិតឆ្នើមចំនួន ៣៤ ក្រុម មកពីប្រទេសសមាជិកទាំង ៦ រួមមាន៖ ចិន កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម។
ឆ្លងកាត់ការប្រកួតជម្រុះថ្នាក់ជាតិយ៉ាងស្វិតស្វាញ ដែលរៀបចំដោយមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មីកម្ពុជា (NICC) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ កាលពីខែមេសាកន្លងទៅ ក្រុមនិស្សិតតំណាងកម្ពុជា មកពី៖
សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP), សាកលវិទ្យាល័យហេងសំរិនត្បូងឃ្មុំ, សាកលវិទ្យាល័យក្រចេះ, សាកលវិទ្យាល័យជាតិបាត់ដំបង និងសាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារ
បានចាប់ដៃគ្នាយ៉ាងរឹងមាំ បង្កើតជាក្រុមចម្រុះជាតិសាសន៍ (Cross-border teams) ដើម្បីចូលរួមដោះស្រាយបញ្ហាប្រឈមជាក់ស្តែងនៅក្នុងសហគមន៍នៃតំបន់ទន្លេមេគង្គ។
ស្របតាមប្រធានបទស្នូលឆ្នាំនេះ គឺ «ហេដ្ឋារចនាសម្ព័ន្ធធន់ ការធ្វើឧស្សាហូបនីយកម្មប្រកបដោយចីរភាព និងនវានុវត្តន៍បច្ចេកវិទ្យា» បេក្ខជនកម្ពុជានឹងធ្វើការបង្ហាញឧបករណ៍ប្រើប្រាស់ជាក់ស្តែង កម្មវិធីទូរស័ព្ទឆ្លាតវៃ (Mobile Apps) និងដំណោះស្រាយឌីជីថលកម្រិតខ្ពស់ ដែលឆ្លុះបញ្ចាំងពីសក្តានុពល និងសមត្ថភាពផ្នែកបច្ចេកវិទ្យារបស់យុវជនជំនាន់ក្រោយ។
ជាពិសេស ព្រឹត្តិការណ៍ឆ្នាំនេះក៏ជាការរួមចំណែកអបអរសាទរខួបលើកទី១០ នៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ ផងដែរ ដោយមានការចាក់ផ្សាយភាពយន្តឯកសារខ្លីៗ ស្តីពីសមិទ្ធផលយុវជន និងការសហការឆ្លងវប្បធម៌។
សាធារណជន បងប្អូនប្រជាពលរដ្ឋ ព្រមទាំងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ អាចចូលរួមទស្សនា ក៏ដូចជាផ្តល់កម្លាំងចិត្តដល់ក្រុមនិស្សិតឆ្នើមកម្ពុជា តាមរយៈការផ្សាយបន្តផ្ទាល់នៅលើប៉ុស្តិ៍ទូរទស្សន៍អន្តរជាតិ CCTV-4 និងបណ្តាញផ្សព្វផ្សាយឌីជីថលពាក់ព័ន្ធនានា នៅថ្ងៃស្អែកនេះ វេលាម៉ោង ១០:០០ ព្រឹក
ឥកុំបីខកខានឡើយ៕
