(ខេត្តត្បូងឃ្មុំ)៖ នាព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរខួបលើកទី៧៧ ទិវាកុមារអន្តរជាតិ (១ មិថុនា), ខួបលើកទី២៥ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ (១២ មិថុនា) និងទិវាកុមារកម្ពុជា ឆ្នាំ២០២៦ ។
ពិធីនេះត្រូវបានរៀបចំឡើងនៅបរិវេណសាលាបឋមសិក្សា ហ៊ុន សែន កោងកាង ស្ថិតក្នុងឃុំកោងកាង ស្រុកពញាក្រែក ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្ត, ឯកឧត្តម ពាង ណារិទ្ធ អភិបាលខេត្តស្តីទី តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ ព្រមទាំងមានការចូលរួមពីប្រតិភូក្រសួង ថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំង បី ប្រធាន-អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សប្រមាណជិត ៦០០ នាក់។
ក្នុងមតិស្វាគមន៍ លោក លី សុភាលីន អភិបាលស្រុកពញាក្រែក បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី ដែលតែងតែយកចិត្តទុកដាក់លើ សុខុ មាលភាពកុមារ និងការអភិវឌ្ឍមូលដ្ឋាន។ លោកអភិបាលស្រុក បានលើកឡើងពីកិច្ចការគាំពារកុមារ និងការអប់រំ ក្នុងមូលដ្ឋានស្រុក ជូនអង្គពិធីជ្រាប រដ្ឋបាលស្រុកពញាក្រែក បានអនុវត្តយ៉ាងសកម្មនូវសិទ្ធិមូលដ្ឋានទាំង ៤ របស់កុមារ ដោយជម្រុញអត្រាចូលរៀនរបស់កុមារគ្រប់អាយុឱ្យកើនឡើងដល់ ៩០%។ ក្នុងឆ្នាំសិក្សា ២០២៥-២០២៦ នេះ មានសិស្សសរុប ២៧,២៧៨ នាក់ (ស្រី ១៣,៥៥៣ នាក់)។ រដ្ឋបាលស្រុក ក៏បានបង្កើតមត្តេយ្យសហគមន៍ចំនួន ៤៥ ទីតាំង (ទើបសាងសង់ថ្មី ១២ ទីតាំង) ព្រមទាំងផ្តល់អាហារូបករណ៍ដល់កុមារក្រីក្រ, ផ្តល់អាហារពេលព្រឹក និងទឹកដោះគោ ដល់សាលាមត្តេយ្យចំនួន ៧ និងឧបត្ថម្ភសិស្សភៀសសឹកចំនួន ១១០ នាក់។
បន្ថែមលើនេះ ការងារបរិស្ថាន «ស្អាត បៃតង និងចីរភាព» រដ្ឋបាលស្រុក ក៏បានជម្រុញយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» និង «ថ្ងៃនេះមិនប្រើថង់ប្លាស្ទិក» នៅតាមសាលារៀន និងសហគមន៍។ បច្ចុប្បន្នមានប្រជាពលរដ្ឋចូលរួមប្រើប្រាស់សេវាគ្រប់គ្រងកាកសំណល់សរុប ១,៤៤៨ ខ្នងផ្ទះ នៅក្នុងឃុំចំនួន៦ រួមមាន ឃុំ ក្រែក, កោងកាង, ត្រពាំងផ្លុង, កណ្តោលជ្រុំ, ពពេល និងឃុំកក់)។ លើសពីនេះ រដ្ឋបាលស្រុកបានគ្រោងដាំកូនឈើបន្ថែមនៅតាមសាលារៀន វត្តអារាម មន្ទីរពេទ្យ និងដងផ្លូវសាធារណៈ ក្នុងរដូវវស្សាឆ្នាំ២០២៦ នេះ ដើម្បីពង្រីកគម្របបៃតងផងដែរ។
មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានគូសបញ្ជាក់ថា សន្តិភាពគឺជាកត្តាគន្លឹះ និងជាគ្រឹះដ៏រឹងមាំបំផុត ក្នុងការធានាឱ្យកុមារទទួលបានសិទ្ធិរស់រានមានជីវិត សុខសុវត្ថិភាព និងការអភិវឌ្ឍ។ ឯកឧត្តមបានរំលឹកពីសោកនាដកម្មក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលកាលនោះសិទ្ធិកុមារត្រូវបានបំផ្លាញខ្ទេចខ្ទី។ ក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ រហូតមកដល់បច្ចុប្បន្ន ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា រាជរដ្ឋាភិបាលតែងតែផ្តល់អាទិភាពខ្ពស់ ដល់ការគាំពារកុមារ ដោយបានបញ្ចូលទៅក្នុងរដ្ឋធម្មនុញ្ញ និងយុទ្ធសាស្ត្របញ្ចកោណ។ កម្ពុជានៅតែបន្តប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការចូលរួមចលនាសកល ដើម្បីទប់ស្កាត់ និងលុបបំបាត់រាល់ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ ដូចជាការជួញដូរ ឬការបង្ខំឱ្យធ្វើការក្នុងស្ថានភាពគ្រោះថ្នាក់។
ដើម្បីលើកកម្ពស់សុខភាព និងការសិក្សារបស់កុមារ ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី អ៊ាង សុផល្លែត ព្រមទាំងលោក LUO KEVIN នាយកប្រតិបត្តិនៃក្រុមហ៊ុន វ័នរ៉ូដគ្រុប (One Road Group) រួមនឹង ឯកឧត្តម ឡុង ធាម និងឯកឧត្តម ពាង ណារិទ្ធ បាននាំយកអំណោយជាសម្ភារសិក្សារួមមាន៖ កាតាប សៀវភៅ ប៊ិក ខ្មៅដៃ ដបទឹក និងនំ ចែកជូនដល់សិស្សានុសិស្សជាង ៥០០ នាក់។

