(ត្បូងឃ្មុំ)៖ នាព្រឹកថ្ងៃសៅរ៍ ១១រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ វិស័យពុទ្ធិកសិក្សាខេត្តត្បូងឃ្មុំ បានរៀបចំពិធីកាត់វិញ្ញាសាប្រឡងចូលរៀនកម្រិតពុទ្ធិកមធ្យមសិក្សាបឋមភូមិ (ឌីប្លូមពុទ្ធិក)។ ពិធីនេះប្រព្រឹត្តទៅក្រោមការរៀបចំរបស់អគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ នៃក្រសួងធម្មការ និងសាសនា ដោយមានការសម្របសម្រួលផ្ទាល់ពីមន្ទីរធម្មការ និងសាសនាខេត្តត្បូងឃ្មុំ។
ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ ព្រះចរិយានុរ័ក្ខញាណ សោម វិជ្ជា ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាអនុប្រធានផ្នែកពុទ្ធិកឧត្តមសិក្សា និងក្រោយពុទ្ធិកឧត្ដមសិក្សា, ព្រះវិន័យសត្ថា តេង ហែ ព្រះបាឡាត់គណខេត្តត្បូងឃ្មុំ និងលោក ហាក់ ហុន ប្រធានមន្ទីរធម្មការ និងសាសនាខេត្ត។
ពិធីប្រឡងនេះត្រូវបានរៀបចំឡើងនៅមណ្ឌលប្រឡង សាលាបឋមសិក្សា ស ខេង ខ្នារ ស្ថិតក្នុងស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដោយមានការនិមន្ត និងអញ្ចើញចូលរួមពីព្រះមន្ត្រីសង្ឃគ្រប់ឋានានុក្រម និងមន្ត្រីរាជការ នៃមន្ទីរធម្មការ និងសាសនាខេត្ត លោកគ្រូ-អ្នកគ្រូ ជាអនុរក្ស និងបេក្ខសមណៈសិស្សចូលរួមប្រឡងសរុប ចំនួន ១៥៨អង្គ។ បេក្ខសមណៈទាំងអស់ត្រូវឆ្លងកាត់ការវាស់ស្ទង់សមត្ថភាពលើវិញ្ញាសាចំនួន ៤ រួមមាន៖ ភាសាបាលី, សរសេរតាមអាន, ព្រះវិន័យ និងគណិតវិទ្យា។
ក្នុងឱកាសនោះ លោក ហាក់ ហុន ប្រធានមន្ទីរធម្មការ និងសាសនាខេត្ត បានលើកទឹកព្រះទ័យដល់បេក្ខសមណៈគ្រប់អង្គ ឱ្យខិតខំប្រឹងប្រែងប្រើប្រាស់ចំណេះដឹងឱ្យអស់ពីសមត្ថភាព និងត្រូវគោរពតាមបទបញ្ជាផ្ទៃក្នុងនៃការប្រឡងឱ្យបានខ្ជាប់ខ្ជួន។ លោកបានបញ្ជាក់ថា ការប្រឡងនេះគឺជាគ្រឹះយ៉ាងសំខាន់ក្នុងការបណ្តុះបណ្តាលធនធានសង្ឃឱ្យមានគុណភាព និងសក្ដានុពល ដើម្បីចូលរួមលើកកម្ពស់វិស័យព្រះពុទ្ធសាសនា និងសង្គមជាតិឱ្យកាន់តែរីកចម្រើន។
គួរបញ្ជាក់ថា ដំណើរការប្រឡងនេះត្រូវបានរឹតបន្តឹងយ៉ាងម៉ត់ចត់ ដើម្បីធានាបាននូវ «តម្លាភាព យុត្តិធម៌ និងគុណផល» ស្របតាមអនុសាសន៍ដឹកនាំរបស់ សម្តេចព្រះពោធិវ័ង្ស កិត្តិបណ្ឌិត អំ លីមហេង ព្រះអគ្គាធិការនៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ ដែលបានមានព្រះបន្ទូលថា៖ «ពុទ្ធិកសិក្សាគឺជាអាយុជីវិត និងជាឆ្អឹងខ្នងនៃព្រះពុទ្ធសាសនា ដូច្នេះការបណ្តុះបណ្តាលត្រូវយកគុណភាពជាចម្បង ប្រសើរជាងបរិមាណ»៕

