ត្បូងឃ្មុំ)៖ ឯកឧត្តម វង សូត អនុប្រធានទី២ រដ្ឋសភា លើកឡើងថា “កសិដ្ឋានដាំចេក គឺជាឆ្នាំងបាយរួម របស់កម្មករ បុគ្គលិកបច្ចេកទេស និងនិយោជក”។
ការថ្លែងបែបនេះ ធ្វើឡើងក្នុងឱកាសដែល ឯកឧត្តម បានដឹកនាំតំណាងរាស្រ្តមណ្ឌលខេត្តត្បូងឃ្មុំ អញ្ជើញទស្សនកិច្ចទៅកាន់កសិដ្ឋានចេក របស់ក្រុមហ៊ុន Jia Zhi Xin Agriculture Technology Development Co., Ltd. ស្ថិតនៅក្នុងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦។
ក្នុងដំណើរទស្សនកិច្ចនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ តំណាងរាស្រ្តមណ្ឌលខេត្តត្បូងឃ្មុំ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកអូររាំងឪ និងឯកឧត្តម ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ និងឯកឧត្តម ចេង ប៊ុណ្ណារ៉ា អភិបាលរងខេត្ត តំណាង ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្ត រួមនឹងប្រតិភូថ្នាក់ជាតិជាច្រើនរូប។
ទន្ទឹមនឹងនេះ ឯកឧត្តមអនុប្រធានទី២ រដ្ឋសភា ក៏បានគូសបញ្ជាក់ពីគោលនយោបាយដ៏ច្បាស់លាស់របស់រាជរដ្ឋាភិបាល ក្នុងការទាក់ទាញការវិនិយោគបរទេស ក្នុងវិស័យកសិកម្ម និងកសិឧស្សាហកម្ម ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើតការងារ និងបង្កើនប្រាក់ចំណូលជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។
បច្ចុប្បន្នក្រុមហ៊ុននេះ មានផ្ទៃដីដាំដុះចេកប្រមាណ ២០០ហិកតា ដោយមានកម្មករ-បុគ្គលិកបម្រើការងារចំនួន ៤៥០នាក់ លើផ្នែកថែទាំ និងវេចខ្ចប់ស្របតាមបច្ចេកទេស និងស្តង់ដារអនាម័យ ដើម្បីឆ្លើយតបទៅនឹងតម្រូវការខ្ពស់នៃទីផ្សារនាំចេញ។ ផលិតផលចេកអំបូងលឿងរបស់ក្រុមហ៊ុន ត្រូវបាននាំចេញទៅកាន់ទីផ្សារប្រទេសចិន ក្នុងបរិមាណប្រមាណ ២០ទូកុងតឺន័រ ក្នុងមួយខែ (ស្មើនឹងប្រហែល ៣០,៨០០កេស ឬជាង ៤០០,៤០០
គីឡូក្រាម)។
ក្នុងឱកាសនោះដែរ ឯកឧត្តម វង សូត ក៏បានអញ្ជើញពិនិត្យមើលដោយផ្ទាល់នូវសង្វាក់ផលិតកម្ម នៃការប្រមូលផល និងការវេចខ្ចប់ផ្លែចេក ប្រកបដោយគុណភាពខ្ពស់ សម្រាប់នាំចេញទៅកាន់ទីផ្សារអន្តរជាតិ សំដៅលើកស្ទួយមុខមាត់វិស័យកសិកម្មកម្ពុជាលើឆាកអន្តរជាតិ។
ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្តម វង សូត ព្រមទាំងឯកឧត្តម លោកជំទាវ តំណាងរាស្ត្រមណ្ឌលខេត្តត្បូងឃ្មុំ បានសាកសួរសុខទុក្ខកម្មករ និងបុគ្គលិកបច្ចេកទេស ដែលកំពុងបម្រើការងារក្នុងកសិដ្ឋានដាំចេករបស់ក្រុមហ៊ុន Jia Zhi Xin និងបានឧបត្ថម្ភថវិការលើកទឹកចិត្តមួយចំនួនផងដែរ៕

