រដ្ឋបាល ខេត្តត្បូងឃ្មុំ ប្រារព្ធទិវាអន្តរជាតិនារី ៨មីនា អបអរសាទរខួបទី១១៥ ក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ

ត្បូងឃ្មុំ៖ នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ រដ្ឋបាលខេត្តត្បូងឃ្មុំ បានរៀបចំពិធីអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ»។ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្ត, ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្ត និងលោកជំទាវ ហេង សំអាន ប៉ែនកុសល្យ ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត។

ក្នុងឱកាសនោះ លោកជំទាវ នី ចាន់ធីតា អភិបាលរងខេត្ត និងជាប្រធានប្រតិបត្តិសាខាសមាគមនារីខេត្ត បានរាយការណ៍ពីសមិទ្ធផលការងារឆ្នាំ២០២៥ ដែលសម្រេចបានលើការលើកកម្ពស់សិទ្ធិស្ត្រី ការងារមនុស្សធម៌ និងការបណ្តុះបណ្តាលជំនាញ។ សម្រាប់ទិសដៅឆ្នាំ២០២៦ សមាគមបានដាក់ចេញនូវផែនការសកម្មភាពសំខាន់ៗ រួមមាន៖ ការពង្រឹងរចនាសម្ព័ន្ធមូលដ្ឋាន ការលើកកម្ពស់សុខភាពមាតានិងទារក និងការជំរុញការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល។ ទិសដៅនេះ មិនត្រឹមតែផ្ដោតលើការការពារសិទ្ធិ និងសុខុមាលភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រៀមលក្ខណៈឱ្យស្ត្រីឈានចូលក្នុងយុគសម័យឌីជីថល និងពង្រឹងអំណាចសេដ្ឋកិច្ចតាមរយៈចំណេះដឹងហិរញ្ញវត្ថុ និងសហគ្រិនភាព។

មានប្រសាសន៍ក្នុងពិធីនោះ ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្ត បានអានសារលិខិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងបានបញ្ជាក់ថា ប្រធានបទឆ្នាំនេះមានគោលបំណងរំលេចពីតម្លៃមិនអាចកាត់ថ្លៃបាននៃ «សន្តិភាព និងសន្តិសុខ» ដែលជាបុរេលក្ខខណ្ឌដ៏ចម្បង ញ៉ាំងឱ្យស្ត្រី និងគ្រួសាររស់នៅប្រកបដោយសុភមង្គល និងសុខុមាលភាពទាំងផ្លូវកាយនិងផ្លូវចិត្ត។ ឯកឧត្តមបានគូសបញ្ជាក់ថា ការចូលរួមយ៉ាងសកម្មរបស់ស្ត្រីក្នុងការកសាង និងថែរក្សាសន្តិភាព គឺជាធាតុផ្សំដែលមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព និងវិបុលភាពសង្គម។

ទន្ទឹមនឹងនេះ ឯកឧត្តមអភិបាលខេត្ត ក៏បានសម្តែងនូវកតញ្ញុតាធម៌យ៉ាងជ្រាលជ្រៅចំពោះ «វីរភាពស្ត្រីកម្ពុជា» ដែលបានលះបង់ និងខិតខំប្រឹងប្រែងក្នុងបុព្វហេតុការពារជាតិ មាតុភូមិ និងការអភិវឌ្ឍសង្គមជាតិ។ ឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះមន្ត្រីរាជការជានារី ដែលបានបំពេញភារកិច្ចដោយការទទួលខុសត្រូវខ្ពស់ និងបានលើកទឹកចិត្តឱ្យបន្តពង្រឹងសមត្ថភាពភាពជាអ្នកដឹកនាំ ភាពច្នៃប្រឌិត និងការប្រើប្រាស់បុរេសកម្មក្នុងវិស័យការងារ។

ជាកិច្ចបញ្ចប់ ឯកឧត្តម ប៉ែន កុសល្យ បានអំពាវនាវឱ្យគ្រប់មជ្ឈដ្ឋានរួមគ្នាការពារ និងលុបបំបាត់រាល់ឧបសគ្គទាំងឡាយដែលរារាំងដល់ការរីកចម្រើនរបស់ស្ត្រី ដើម្បីទាញយកអត្ថប្រយោជន៍ពី «ភាគលាភយេនឌ័រ» សំដៅពង្រឹងសហគមន៍ និងជំរុញការអភិវឌ្ឍជាតិឱ្យកាន់តែរឹងមាំ និងមានស្ថិរភាពយូរអង្វែង។ ក្នុងឱកាសនោះដែរ ថ្នាក់ដឹកនាំខេត្តក៏បានប្រគល់លិខិតសរសើរ វត្ថុអនុស្សាវរីយ៍ និងថវិកាលើកទឹកចិត្តជូនដល់សមាជិក-សមាជិកាសមាគម ក្នុងបរិយាកាសស្និទ្ធស្នាល និងសប្បាយរីករាយ៕

Leave a Reply

Your email address will not be published. Required fields are marked *