ឯកឧត្តម កែវ ពិសិដ្ឋ អញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកចង្ក្រានបរិស្ថានចែកជូនប្រជាពលរដ្ឋក្នុងឃុំពពេល ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ

(ខេត្តត្បូងឃ្មុំ)៖ នាព្រឹកថ្ងៃសៅរ៍ ទី១៥ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម កែវ ពិសិដ្ឋ តំណាងរាស្ត្រមណ្ឌលខេត្តត្បូងឃ្មុំ និងជានាយខុទ្ទកាល័យឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភា បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកចង្ក្រានបរិស្ថាន ចែកជូនប្រជាពលរដ្ឋក្រីក្រ ចំនួន ៨០គ្រួសារ មកពី ១០ភូមិ ក្នុងឃុំពពេល ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

 

ក្នុងឱកាសនោះ ឯកឧត្តម កែវ ពិសិដ្ឋ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើ និងសួរសុខទុក្ខប្រកបដោយក្តីនឹករលឹកពីសំណាក់ថ្នាក់ដឹកនាំជាតិ ជូនចំពោះបងប្អូនប្រជាពលរដ្ឋ។

 

ឯកឧត្តម ក៏បានលើកឡើងអំពីសភាពការណ៍តាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកងកម្លាំងគ្រប់ប្រភេទ ដែលបានឈរជើងការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ ដោយមិនរាថយឡើយ។

 

ឯកឧត្តមបន្ថែមថា រាជរដ្ឋាភិបាលនៅតែបន្តអនុវត្តគោលនយោបាយកាត់បន្ថយភាពក្រីក្រតាមរយ:មូលនិធិជំនួយសង្គម ដែលផ្តល់ថវិកាឧបត្ថម្ភដល់គ្រួសារក្រីក្រ និងងាយរងគ្រោះ ជនមានពិការភាព ជនចាស់ជរា ស្ត្រីមានផ្ទៃពោះ និងក្មេងក្រោមអាយុ ២ឆ្នាំ ព្រមទាំងការផ្តល់ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវ:សម្រាប់យុវជន នៃគ្រួសារក្រីក្រ និងងាយរងគ្រោះជាដេីម។

 

ទន្ទឹមនឹងនេះ ឯកឧត្តម បានណែនាំដល់បងប្អូនប្រជាពលរដ្ឋ ដែលមិនទាន់មានការងារធ្វើ ឱ្យមកចុះឈ្មោះនៅរដ្ឋបាលឃុំ ដើម្បីឱ្យអាជ្ញាធរមូលដ្ឋានជួយសម្រួលការងារ។

 

ឯកឧត្តម ក៏បានជំរុញឱ្យអាជ្ញាធរខេត្ត និងមន្ទីរជំនាញពាក់ព័ន្ធ បន្តខិតខំផ្សព្វផ្សាយ និងជួយសម្របសម្រួលដល់យុវជន សិស្ស-និស្សិត ដែលបានបញ្ចប់ការសិក្សា ជាពិសេសអ្នកមានជីវភាពខ្វះខាត និងមិនទាន់មានលទ្ធភាពរកការងារធ្វើតាមជំនាញ ដែលបានសិក្សា ដើម្បីឱ្យពួកគេមានឱកាសទទួលបានការងារសមស្រប និងរួមចំណែកសម្រេចបានគោលដៅនៃគោលនយោបាយបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈរបស់រាជរដ្ឋាភិបាល ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១។

 

ជាចុងក្រោយ ឯកឧត្តម កែវ ពិសិដ្ឋ បានបញ្ជាក់ថា ការផ្តល់ចង្ក្រានបរិស្ថានជូនប្រជាពលរដ្ឋ គឺជាការចូលរួមចំណែកក្នុងការការពារបរិស្ថាន កាត់បន្ថយការប្រើប្រាស់ឥន្ធនៈ ជួយលើកកម្ពស់សុខុមាលភាព និងកាត់បន្ថយការចំណាយប្រចាំថ្ងៃរបស់គ្រួសារ។

សម្រាប់អំណោយដែលបានប្រគល់ជូន ប្រជាពលរដ្ឋមួយគ្រួសារ ទទួលបាន ចង្ក្រានបរិស្ថានចំនួន១ និងថវិកាមួយចំនួន៕

Leave a Reply

Your email address will not be published. Required fields are marked *