(ខេត្តត្បូងឃ្មុំ)៖ លោក ធីន ស៉ីថាច ប្រធានមន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ បានជំរុញ និងលើកទឹកចិត្តដល់ក្រុមការងារគ្រប់គ្រង និងបញ្ចូលទិន្នន័យគេហទំព័រ (Website) ត្រូវខិតខំប្រឹងប្រែងអភិវឌ្ឍសមត្ថភាព និងបំពេញភារកិច្ចឱ្យអស់ពីលទ្ធភាព ដើម្បីធានាថាការផ្សព្វផ្សាយព័ត៌មានប្រព្រឹត្តទៅប្រកបដោយប្រសិទ្ធភាព គុណភាព និងទាន់ពេលវេលា សំដៅឆ្លើយតបទៅនឹងតម្រូវការរបស់មហាជនក្នុងការទទួលបានព័ត៌មានច្បាស់លាស់ និងត្រឹមត្រូវ។
ការលើកឡើងរបស់លោកប្រធានមន្ទីរ បានធ្វើឡើងក្នុងឱកាសដឹកនាំកិច្ចប្រជុំក្រុមការងារគេហទំព័រ (Website) នៃមន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃពុធ ៧រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ នេះ ស្ថិតនៅសាលប្រជុំមន្ទីរព័ត៌មានខេត្ត ដោយមានការចូលរួមពី លោក ស ស៉ីសុភត្រា និងលោក ទូច សុវី អនុប្រធានមន្ទីរ ព្រមទាំងលោក-លោកស្រី ជាសមាសភាពក្រុមការងារ Website នៃមន្ទីរ ជាច្រើនរូប។
នៅក្នុងឱកាសនោះ លោក ធីន ស៉ីថាច បានគូសបញ្ជាក់ថា ប្រព័ន្ធឌីជីថល ជាពិសេសគេហទំព័រផ្លូវការរបស់មន្ទីរ គឺជាស្ពានចម្លងព័ត៌មានដ៏សំខាន់ និងជាប្រភពព័ត៌មានផ្លូវការដែលសាធារណជន និងប្រជាពលរដ្ឋទុកចិត្ត។ ដូចនេះ ក្រុមការងារទាំងអស់ត្រូវយកចិត្តទុកដាក់ខ្ពស់ នូវរាល់ព័ត៌មានដែលត្រូវបញ្ចូល និងផ្សព្វផ្សាយ ត្រូវតែមានប្រភពច្បាស់លាស់ ខ្លឹមសារត្រឹមត្រូវ និងមានប្រយោជន៍ដល់សង្គម។
លោកប្រធានមន្ទីរ បានផ្តល់អនុសាសន៍ដល់ក្រុមការងារគេហទំព័រ (Website) នៃមន្ទីរទាំងអស់ សូមបន្តលើកកម្ពស់គុណភាពខ្លឹមសារព័ត៌មាន ពង្រឹងការងារផ្សព្វផ្សាយព័ត៌មានផ្លូវការ ឆ្លើយតបបានទាន់ពេលវេលាចំពោះព័ត៌មានមិនពិត ព្រមទាំងប្រើប្រាស់បច្ចេកវិទ្យាឌីជីថលប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព ដើម្បីបម្រើផលប្រយោជន៍សាធារណៈ និងលើកកម្ពស់ភាពជឿជាក់លើព័ត៌មានផ្លូវការ។
លោក ធីន ស៉ីថាច ក៏បានលើកទឹកចិត្ត ដល់ក្រុមការងារគេហទំព័រ (Website) ត្រូវធ្វើបច្ចុប្បន្នភាព (Update) ព័ត៌មានឱ្យបានទៀងទាត់ និងឆាប់រហ័ស ដើម្បីឆ្លើយតបសភាពការណ៍បច្ចុប្បន្ន។ ជាមួយគ្នានេះ ដើម្បីអភិវឌ្ឍសមត្ថភាពការងារមន្ត្រី លោកប្រធានមន្ទីរ បានបញ្ជាក់ដល់ក្រុមកាងារ សូមត្រៀមខ្លួនចូលរួមវគ្គបណ្តុះបណ្តាលស្តីពី «ការសរសេរព័ត៌មាន» នាពេលខាងមុខ ដែលរៀបចំដោយមន្រ្តីបង្គោលរបស់មន្ទីរ ដើម្បីពង្រឹងជំនាញបច្ចេកទេស និងការសរសេរឱ្យកាន់តែមានវិជ្ជាជីវៈ។
គួរបញ្ជាក់ផងដែរថា កិច្ចប្រជុំនេះ មានរបៀបវារៈសំខាន់ៗចំនួន៣ រួមមាន៖ ការពិនិត្យវឌ្ឍនភាពការងារគេហទំព័រ, ការរៀបចំចាត់តាំងក្រុមការងារទទួលបន្ទុកបញ្ចូលទិន្នន័យ, និងការរៀបចំផែនការបើកវគ្គបណ្តុះបណ្តាលសរសេរព័ត៌មាន សំដៅធ្វើឱ្យការគ្រប់គ្រង និងការផ្សព្វផ្សាយតាមប្រព័ន្ធឌីជីថលរបស់មន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ កាន់តែមានភាពរលូន និងមានឥទ្ធិពលវិជ្ជមានក្នុងសង្គម៕
អត្ថបទ និងរូបភាព ដោយ ៖ អារុណ្ណាទី
វីដេអូផ្សព្វផ្សាយ ដោយ ៖ វិច្ឆិកា

