(ត្បូងឃ្មុំ)៖ ក្រោមបញ្ជាផ្ទាល់ពី ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តត្បូងឃ្មុំ កម្លាំងចម្រុះខេត្ត បានបន្តប្រតិបត្តិការចុះធ្វើរដ្ឋបាលចំហរនៅតាមផ្ទះវីឡា ផ្ទះសំណាក់ និងបន្ទប់ជួលចំនួន ០៩ទីតាំង ក្នុងឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ដើម្បីពង្រឹងសន្តិសុខ និងទប់ស្កាត់បទល្មើសលួចលាក់ផ្សេងៗ។
ប្រតិបត្តិការនេះ បានធ្វើឡើងនាថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៦ ដោយមានការសម្របសម្រួលនីតិវិធីពីតំណាងអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ និងមានការចូលរួមសហការពីកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ, កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ (ប្រចាំការខេត្តត្បូងឃ្មុំ), កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ, អាជ្ញាធរមូលដ្ឋាន ភូមិ ឃុំ និងស្រុក។
ជាលទ្ធផលនៃការចុះត្រួតពិនិត្យកម្លាំងសមត្ថកិច្ចរកឃើញ ០៦ ទីតាំង ពុំមានវត្តមានជនបរទេសស្នាក់នៅឡើយ។ ជាងមួយគ្នានេះ ០៣ ទីតាំង រកឃើញជនបរទេសស្នាក់នៅចំនួន ១៣ នាក់ (ស្រី ០១ នាក់) ដោយពិនិត្យឃើញមានលិខិតឆ្លងដែន និងឯកសារស្នាក់នៅត្រឹមត្រូវតាមច្បាប់។
បច្ចុប្បន្ន កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តត្បូងឃ្មុំ កំពុងបន្តបើកការស្រាវជ្រាវ និងស្កែនមើលគ្រប់ទីតាំងសង្ស័យ ដែលសង្ស័យថា មានការលួចលាក់ប្រព្រឹត្តបទល្មើស ឬការរស់នៅប្រមូលផ្តុំខុសច្បាប់នៅតាមបណ្តាក្រុង-ស្រុកទាំង ០៧ ទូទាំងខេត្ត ព្រមទាំងបន្តការផ្សព្វផ្សាយអនុក្រឹត្យលេខ ០៣ របស់រាជរដ្ឋាភិបាលឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់៕

